ព័ត៌មានជាតិ

ក្រសួងសាធារណការ ដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការរៀបចំបែបបទនាវា ចូលចេញនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

BY
srey nuch
July 29, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២​ បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការរៀបចំបែបបទនាវា ចូលចេញនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជំនួយឥតសំណង ពីប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងការអនុវត្តន៍គម្រោង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីកាត់បន្ថយពេលវេលា និងសម្រួលដល់ការរៀបចំ បែបបទនាវាចូលចេញកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសាធារណការ និងដឹកជញ្ជូននឹងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI) នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ សម្រាប់ការរៀបចំបែបបទនាវា ចូលចេញនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្លាស់ប្តូរនីតិវិធីបច្ចុប្បន្នទៅប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្មជំនួសវិញ តាមរយៈគេហទំព័រផ្លូវការដែលមានអាសយដ្ឋាន https:/portedi.mpwt.gov.kh។ គួរជម្រាបថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI) គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជំរុញគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក នៅតាមកំពង់ផែគោលដៅ ដោយបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីធ្វើឱ្យការអនុវត្តន៍គម្រោងប្រព័ន្ធនេះកាន់តែមាន ភាពល្អប្រសើរ មានភាពងាយស្រួល និងស្របតាមច្បាប់ជាធរមាន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: